គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ត្រូវបានតែងតាំងជាប្រធានកិត្តិយសសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ

កាលបរិច្ឆេទ: ០៣ កញ្ញា ២០២១ / កសិកម្ម

នៅខែសីហានេះ លោកសំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ (KSPA) បានប្រគល់វិញ្ញាបនបត្រដែលបញ្ជាក់ពីតំណែងជាប្រធានកិត្តិយសសមាគម KSPA ទៅដល់លោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ដែលជាស្ថាបនិក និងប្រធាន​អគ្គនាយកក្រុមហ៊ុនខនហ្វីរេល។
ប្រមូលផ្តុំទៅដោយអ្នកផលិតឯករាជ្យស្ករត្នោត IGP(ផលិតផលសម្គាល់ភូមិសាស្រ្ត) កំពង់ស្ពឺ បេសកកម្មចម្បងរបស់សមាគមគឺអភិវឌ្ឍ និងធ្វើបច្ចុប្បន្នភាពលើចំណុចមួយចំនួននៅក្នុងសៀវភៅបន្ទុកIGP និងមានភារកិច្ចចុះឈ្មោះអ្នកផលិតស្ករត្នោតក្នុងបញ្ជីសមាជិកសមាគម ព្រមទាំងបណ្តុះបណ្តាលពួកគាត់ដើម្បីធានាឲ្យបានគុណភាពខ្ពស់ឆ្លើយតបទៅនឹងការទាមទាររបស់សៀវភៅបន្ទុក IGP និងដើម្បីផ្ទៀងផ្ទាត់ប្រភពទំនិញគិតចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច។

ក្រុមហ៊ុនខនហ្វីរេលដែលជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតផលិតផល IGP គឺជាដៃគូសហការដែលមិនអាចខ្វះបានរបស់សមាគម និងអ្នកផលិតស្ករត្នោតទាំងអស់ពោលគឺតាំងតែពីសមាគមទើបតែបង្កើតមកម្ល៉េះ ព្រោះថាក្រុមហ៊ុនបានកុម្ម៉ង់ទិញ និងធ្វើអាជីវកម្មស្ករត្នោតប្រមាណ៤០ភាគរយនៃការផលិតសរុបទាំងអស់នៅក្នុងតំបន់ក្រោមរូបភាពជាផលិតផលផ្សេងៗជាច្រើនមុខ។

 បទសម្ភាសន៍ជាមួយលោកសំ សារឿន

មូលហេតុអ្វីបានជាលោកសម្រេចប្រគល់តំណែងប្រធានកិត្តិយសទៅដល់លោកឧកញ៉ាហៃ លីអ៊ាង?

គឺដើម្បីជាកិច្ចតបស្នងសងគុណចំពោះលោក និងក្រុមហ៊ុនខនហ្វីរេលដែលតែងតែជួយគាំទ្រសមាគមរបស់យើងតាំងពីសមាគមនេះទើបតែបង្កើតឡើងកាលពីឆ្នាំ២០០៨ និងជួយជ្រោមជ្រែងឲ្យសមាគមទទួលបានស្លាកសញ្ញា IGP នៅឆ្នាំ២០០៩។ ក្រុមហ៊ុនបានជួយដល់សមាគមផ្នែកបច្ចេកទេសផង និងជួយឲ្យផលិតផលរបស់យើងមានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិផង តាមរយៈការនាំចេញស្ករត្នោតរបស់យើងទៅទ្វីបអឺរ៉ុប និងទៅបណ្តាប្រទេសផ្សេងៗទៀតតាំងពីយូរមកហើយ។

តើប្រធានកិត្តិយសមានតួនាទីអ្វីខ្លះ?

តួនាទីរបស់លោកគឺជួយរកដៃគូសហការថ្មី ដើម្បីរកទីផ្សារថ្មីសម្រាប់ផលិតផលរបស់យើង និងធ្វើការជាមួយពួកយើងដើម្បីបង្កើតផលិតផលថ្មីដែលផលិតចេញពីស្ករត្នោត និងទឹកស៊ីរ៉ូត្នោត។ ធ្វើដូច្នេះគឺលោកអាចជួយបង្កើនប្រាក់ចំណូលរបស់អ្នកផលិតស្ករត្នោត និងជួយកាត់បន្ថយភាពក្រីក្រនៅជនបទ។

តើកិច្ចការសំខាន់ៗរបស់សមាគមមានអ្វីខ្លះ?

កិច្ចការសំខាន់គឺពង្រីកទីផ្សារសម្រាប់ផលិតផលស្ករត្នោតរបស់យើង និងតាមដានផ្ទៀងផ្ទាត់មើលថាតើផលិតផលស្ករត្នោតនៅលើទីផ្សារដែលមានស្លាកសញ្ញា IGP ពិតជាមានប្រភពចេញមកពីអ្នកឡើងត្នោតប្រមាណ១៥០នាក់ដែលបានចុះបញ្ជីជាសមាជិកសមាគមមែនឬទេ។

សមាគមក៏ត្រូវគិតគូរពីអនាគតធ្វើយ៉ាងណាដើម្បីរក្សាវត្ថុធាតុដើមឲ្យបានគង់វង្ស។ ក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងពង្រីកទីក្រុងយ៉ាងឆាប់រហ័ស អ្នកផលិតស្ករត្នោតមួយចំនួនបានលក់ដីរបស់ខ្លួនដែលជាហេតុធ្វើឲ្យដើមត្នោតបាត់បង់បន្តិចម្តងៗ និងអាចរលាយបាត់បង់ទាំងស្រុងនៅថ្ងៃណាមួយមិនខាន ខណៈដែលពេលនេះយើងជួបការលំបាកទៅហើយក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។

សូម​បញ្ជាក់ផងដែរថា បច្ចុប្បន្នសមាគមយើងមិនអាចផ្តល់វត្ថុធាតុដើមគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ក្រុមហ៊ុនខនហ្វីរេលឡើយ។ នៅមានបញ្ហាមួយទៀតដែលយើងត្រូវប្រឈម គឺវ័យរបស់អ្នកឡើងត្នោតរបស់យើងកាន់តែវិវត្តទៅមុខ ចំណែកឯយុវវ័យនៅជនបទសុខចិត្តទៅធ្វើការជាកម្មករសំណង់ ឬកម្មកររោងចក្រជាជាងទៅប្រកបរបរឡើងត្នោត។ ចំណុចទាំងអស់នេះគឺជាបញ្ហាប្រឈមសម្រាប់សមាគមយើង។ ដើម្បីអាចប្រឈមមុខនឹងបញ្ហាទាំងអស់នេះបាន យើងត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលរបស់អ្នកឡើងត្នោត។ អ៊ីចឹងហើយបានជាយើងកំពុងតែកែសម្រួលសៀវភៅបន្ទុកដើម្បីបង្កើនផលិតផលសម្រេច IGP ផ្សេងៗទៀតដែលផលិតចេញពីទឹកត្នោត៕